អាជ្ញាធរថៃពុំបានផ្ដល់ព័ត៌មានឲ្យភាគីកម្ពុជាអំពីការចាប់បញ្ជូនពលករខ្មែរមកស្រុកវិញ
មន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ថិតិបឋមចាប់តាំងពីខែមករា មកដល់ដើមខែមីនា ឆ្នាំ២០១៧ នេះ អាជ្ញាធរថៃ ចាប់បញ្ជូនពលករខ្មែរប្រមាណ ៦ពាន់នាក់ មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ការចាប់បញ្ជូននេះ ដោយហេតុផលថា ពួកគាត់បានលួចឆ្លងដែនចូលទៅធ្វើការងារក្នុងទឹកដីថៃ ដោយគ្មានលិខិតឆ្លងដែន និងប័ណ្ណការងារត្រឹមត្រូវ ប៉ុន្តែនេះជាចំនួនដ៏ច្រើនលើសលប់យ៉ាងគំហុក។
មន្ត្រីក្រសួងមហាផ្ទៃ អះអាងថា អាជ្ញាធរថៃ ពុំបានផ្ដល់ព័ត៌មានឲ្យភាគីកម្ពុជា បានត្រៀមខ្លួនជាមុនអំពីការចាប់បញ្ជូនពលករខ្មែរមកកម្ពុជា វិញនោះទេ។
រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍នៅថ្ងៃទី៣ ខែមីនា ថា អាជ្ញាធរថៃ មិនបានពិគ្រោះ និងផ្ដល់ព័ត៌មានមកឲ្យភាគីកម្ពុជា បានដឹងមុនអំពីការបញ្ជូននេះទេ ទាល់តែមកដល់ច្រកទ្វារទើបបញ្ជូនបញ្ជីចំនួននៃការបញ្ជូនមនុស្សមក ដែលធ្វើឲ្យភាគីកម្ពុជា មិនបានត្រៀមខ្លួនទទួលពួកគាត់។
អ្នកស្រីបន្តថា នេះជាការបញ្ជូនដ៏ច្រើនគួរសមដែរ។ បញ្ហានេះក្រុមការងារក្រសួងកំពុងសហការជាមួយសង្គមស៊ីវិលលើការស្រង់ស្ថិតិ និងធ្វើសាវតារទុក ហើយក៏នឹងសួរនាំអំពីការប្ដូរទិសដៅចាប់បញ្ជូនពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកច្រកទ្វារអន្តរជាតិដូងនេះដែរ៖ «»។
មន្ត្រីក្រសួងមហាផ្ទៃ ដដែលបានឲ្យដឹងថា ស្ថិតិបឋមចាប់តាំងពីខែមករា មកដល់ដើមខែមីនា ឆ្នាំ២០១៧ នេះ អាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរប្រមាណ ៦ពាន់នាក់ហើយ មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដែលនេះមិនមែនជាទិសដៅដែលធ្លាប់បញ្ជូនកន្លងមកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នោះទេ។ ការចាប់បញ្ជូននេះ ដោយហេតុផលថា ពួកគាត់បានលួចឆ្លងដែនចូលទៅធ្វើការងារក្នុងទឹកដីថៃ ដោយគ្មានលិខិតឆ្លងដែន និងប័ណ្ណការងារត្រឹមត្រូវ។
កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមីនា មានសេចក្ដីរាយការណ៍ថា មានពលករខ្មែរសរុបជាង ៨០០នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនត្រឡប់មកប្រទេសកំណើតវិញ តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ការបញ្ជូនពលករខ្មែរទាំងនោះ មានទាំងបុរសស្ត្រី និងកុមារផង ដែលធ្វើចំណាកស្រុកតាមអាណាព្យាបាលចោលការសិក្សា ដែលត្រូវបានសមត្ថកិច្ចថៃ ប្រមូលពីតាមបណ្ដាខេត្តនានា ដោយចោទថា ពួកគាត់លួចឆ្លងដែនចូលទៅធ្វើការងារក្នុងប្រទេសថៃ ដោយគ្មានលិខិតឆ្លងដែន ឬប័ណ្ណការងារ។
ទាក់ទងបញ្ហានេះ មន្ត្រីកម្មវិធីផ្នែកចងក្រងពលករនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោក ឌី ថេហូយ៉ា ថ្លែងថា ជាការកត់សម្គាល់ការបញ្ជូននេះមានលក្ខណៈច្រើនខុសប្រក្រតី ប៉ុន្តែមិនមែនជាការបោសសំអាតរបស់អាជ្ញាធរថៃ នោះទេ ពីព្រោះពលករខ្មែរច្រើនសែននាក់ទៀតកំពុងធ្វើការលួចលាក់គ្មានឯកសារស្របច្បាប់។ លោកថា និន្នាការនៃការបន្តធ្វើចំណាកស្រុករបស់ពលរដ្ឋខ្មែរនេះ មិនមែនជាជម្រើសល្អរបស់ពួកគាត់ទេ ប៉ុន្តែជាចំណាកស្រុកដោយប្រថុយប្រថាន និងដោយបង្ខំ ដោយសារជីវភាពក្រីក្រ។
លោកថា ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងប្រកបដោយគ្រោះថ្នាក់នេះ រដ្ឋាភិបាលត្រូវធានាអោយបាននូវស្ថិរភាពនយោបាយ កាត់បន្ថយអំពើពុករលួយ ទាក់ទាញអ្នកវិនិយោគការងារដើម្បីពង្រីកទីផ្សារការងារ និងធានាបង្កើនប្រាក់ឈ្នួលសមរម្យ បង្កើតបច្ចេកទេសធ្វើកសិកម្ម ធ្វើប្រព័ន្ធធារាសាស្ត្រទំនុកបម្រុងដើមទុន និងធានាតម្លៃទីផ្សារកសិកម្មជាដើម៖ ។
កាលពីឆ្នាំ២០១៤ អាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរមកកម្ពុជាវិញ ក្នុងទ្រង់ទ្រាយធំម្ដងរួចមកហើយ ដែលមានចំនួនជាង ២០ម៉ឺននាក់។ ការបញ្ជូននោះមន្ត្រីរដ្ឋាភិបាលអះអាងថា អាជ្ញាធរថៃ ក៏ពុំបានសហការផ្ដល់ព័ត៌មានឲ្យបានដឹងជាមុនដូចគ្នា។
មន្ត្រីទទួលបន្ទុកពលករចំណាកស្រុកក្រសួងមហាផ្ទៃ ឲ្យដឹងថា របាយការណ៍នៅឆ្នាំ២០១៦ មានពលករកំពុងបំពេញការងារនៅប្រទេសថៃ ប្រមាណជាង ១លាននាក់ ក្នុងនោះមាន ៣៦ម៉ឺននាក់ ពុំមានឯកសារច្បាប់ត្រឹមត្រូវ៕
អាជ្ញាធរថៃពុំបានផ្ដល់ព័ត៌មានឲ្យភាគីកម្ពុជាអំពីការចាប់បញ្ជូនពលករខ្មែរមកស្រុកវិញ
Reviewed by Mong Kul
on
10:36 PM
Rating:
No comments: