សាហាវណាស់ ៖ ខឹងរំលោភមិនបានសម្រេច ប្រើហិង្សាចាត់ការមួយគ្រួសារ
សមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា មានករណីវាយសម្លាប់មនុស្សក្នុងមួយគ្រួសារដែលមានសមាជិក ៥ នាក់យ៉ាងឃោរឃៅបំផុត កើតឡើងដោយសារតែឃាតករខឹងខ្លាំងពេក ព្រោះប៉ងចាប់រំលោភមិនបានសម្រេច ក៏បញ្ចេញកំហឹងប្រើហិង្សា ដោយយកដុំឥដ្ឋទៅវាយ បណ្តាលឱ្យក្មេងស្រីអាយុទើបជាង ១ ខែម្នាក់ស្លាប់ភ្លាមៗ និង ៤ នាក់ទៀតរងរបួសធ្ងន់-ស្រាល ហើយឃាតកបានរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង ១០ នាទីយប់ ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៧ ស្ថិតត្រង់ចំណុចភូមិគីឡូលេខ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ជនរងគ្រោះ ទី ១ អាយុ ១១ ឆ្នាំ ជាកូនស្រីម្ចាស់ផ្ទះ ដែលជនសង្ស័យប៉ងរំលោភនោះ បានរងរបួសធ្ងន់
ទី ២-ឈ្មោះ សួន នុត ភេទស្រី អាយុជាង ១ ខែ ស្លាប់
ទី៣ ឈ្មោះ សួន ធិ ភេទប្រុស អាយុ ៤ ឆ្នាំ របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរខេត្តសៀមរាប
ទី៤-ឈ្មោះ ប្រាក់ វណ្ណ អាយុ ៣០ ឆ្នាំ ជាម្តាយរបួសធ្ងន់
ទី៥ បុរសជាឪពុក មិនបានស្គាល់ឈ្មោះទេ ដែលពួកគេទាំងអស់ គឺជាឪពុកម្តាយ និង កូន មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ដោយឡែក ឃាតកគឺឈ្មោះ ហុង ពិសី អាយុ ៣០ ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំជាមួយជនរងគ្រោះដែរ ។
ប្រភពពីប៉ូលិសបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះ នៅពេលម្តាយឪពុកមិនបាននៅផ្ទះ គឺនៅតែ ៣ នាក់បងប្អូន ក្នុងនោះមានក្មេងស្រីរងគ្រោះជាកូនបងគេ ត្រូវជនសង្ស័យលួចចូលទៅខ្ទប់មាត់នាង ដើម្បីចាប់រំលោភ ។ តែបរាជ័យដោយត្រូវនាងរត់គេចចេញពីផ្ទះទាន់ ហើយមកប្រាប់ម្តាយ ទើបត្រូវម្តាយរត់មកផ្ទះដើម្បីចាប់ជននោះ តែត្រូវជននោះយកដុំថ្មមកវាយទៅលើទាំងម្តាយ ទាំងកូនស្រីនោះ ហើយពួកគាត់បានរត់ចេញពីផ្ទះវិញហៅគេឱ្យជួយទាំងមានរបួស ។
ពេលនោះ ជនសង្ស័យក៏យកដុំថ្មទៅវាយកូនប្រុសស្រី ២ នាក់ទៀត ដែលកំពុងដេកក្នុងផ្ទះនោះ បណ្តាលឱ្យកូនស្រីតូចអាយុជាង ១ ខែស្លាប់ភ្លាមៗ និង កូនប្រុសរងរបួសធ្ងន់ ហើយឃាតកបានរត់គេចខ្លួនបាត់តែម្តង ។ ពេលនេះប៉ូលិសកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកចាប់ឃាតកឱ្យខាងតែបាន ករណីនេះ ក៏ត្រូវចាត់ទុកថា ជារឿងឃោរឃៅមួយដែលពុំធ្លាប់កើតមានពីមុនមក ៕ សុថាត់
សាហាវណាស់ ៖ ខឹងរំលោភមិនបានសម្រេច ប្រើហិង្សាចាត់ការមួយគ្រួសារ
Reviewed by Mong Kul
on
10:29 PM
Rating:
No comments: