ផលដ៏សែនអាក្រក់នៃគ្រឿងញៀន ! កូនប្រុសតារាកំប្លែងនាយ ហុងដា ដែលជាឃាតកសម្លាប់ម្តាយចុង គឺធ្លាប់បានប្រើប្រាស់គ្រឿងញៀន៣ឆ្នាំមកហើយ
យុវជនឈ្មោះ ខា សុខេន ហៅនិត អាយុ១៨ឆ្នាំ ត្រូវជាកូនប្រុសបង្កើតរបស់តារាកំប្លែងនាយ ហុងដា ជាមួយនាង រ៉េន សុធារី ហៅឃ្មឹប អតីតជាប្រពន្ធដើម ដែលរួមដៃជាមួយសង្សាររបស់ខ្លួនឈ្មោះ នេត រស្មីកន្និកា អាយុ១៧ឆ្នាំ មុខរបរជាបុគ្គលិកហាង រស្មីបឹងកក់ ដែលជាប់សង្ស័យជាឃាតកសម្លាប់ស្ត្រីឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ជាប្រពន្ធក្រោយរបស់នាយ ហុងដា និងត្រូវជាម្តាយចុងរបស់ខ្លួនកាលពីរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ និងបង្កការភ្ញាក់ផ្អើលនៅវេលាព្រឹកនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ត្រង់ចំណុចខុនដូមួយកន្លែងឋិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
នៅចំពោះមុខសមត្ថកិច្ច យុវជនដៃដល់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯងក្នុងការសម្លាប់ម្តាយចុងឈ្មោះ ស៊ឹម ចន្ធី ប្រាកដមែន ។ ក្រោយពេលធ្វើសកម្មភាពសម្លាប់រួចរាល់ សង្សារបស់ខ្លួនបានត្រឡប់មកពីធ្វើការវិញឃើញហេតុការណ៍នេះ ក៏បានជួយយកភួយមករុំសាកសពអូសយកទៅទុកនៅក្នុងបន្ទប់ទឹក និងដោះយកកងដៃចំនួន២១កង ចិញ្ចៀនចំនួន១វង់ ទូរស័ព្ទដៃម៉ាក Nokia ចំនួន១គ្រឿង ព្រមទាំងទោចក្រយានយន្តចំនួន១គ្រឿង ចាកចេញពីទីតាំងខុនដូជាកន្លែងកើតហេតុតែម្តង ។
យុវជនដៃដល់ ខា សុខេន បានសារភាពរៀបរាប់ទៀតថា ខ្លួនបានមករស់នៅខុនដូជាមួយឪពុក និងម្តាយចុង ប្រហែល០៤-០៥ ខែមកហើយ ពីព្រោះម្តាយបង្កើតរបស់ខ្លួនត្រូវជាប្រពន្ធមុនរបស់ឪពុកមានប្តីថ្មីហើយ ។ ពេលមករស់នៅជាមួយឪពុក និងម្តាយចុង ខ្លួនបាននាំសង្សារឈ្មោះ នេត រស្មីកន្និកាមកនៅជាមួយដែរ ហើយខ្លួនមានគម្រោងសម្លាប់ម្តាយចុងនេះតាំងពីថ្ងៃមុនមកម្ល៉េះ ដោយខ្លួនមានគំនុំខឹងនឹងម្តាយចុងតែងជេរស្តីបន្ទោសខ្លួនញឹកញាប់ផង និងចង់ប្លន់យកគ្រឿងអលង្ការផង ព្រោះខ្លួនធ្លាប់ឮម្តាយចុងនិយាយថា អលង្ការរបស់ម្តាយចុងពាក់ជាប់នឹងខ្លួនមានតម្លៃជាង១ពាន់ដុល្លារអាមេរិកផង ។
កូនប្រុសចិត្តអប្រិយរបស់នាយ ហុងដា បានសារភាពឲ្យដឹងដែរថា ក្រោយពេលសម្លាប់ម្តាយចុងរួចហើយ ខ្លួន និងសង្សារបានទៅសម្រាកនៅផ្ទះម្តាយសង្សាររយៈពេល១យប់ នៅខណ្ឌឫស្សីកែវ និងលុះព្រឹកឡើងទើបនាំសង្សារមកដេកស្នាក់នៅជក់ថ្នាំញៀន នៅចំណុចផ្ទះគ្មានលេខ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ខាងក្រោយវិហារចាម) ខណៈគ្រឿងអលង្ការដែលខ្លួនប្លន់បានពីម្តាយចុងនោះ គឺយកទៅដាក់បញ្ចាំបាន៤ម៉ឺនរៀល ព្រោះអ្នកបញ្ចាំប្រាប់ថា ជារបស់កាឡៃ និងម៉ូតូបញ្ចាំបាន១០០ដុល្លារអាមេរិក រួចយកលុយទៅទិញថ្នាំញៀនជក់អស់ទៅ ។
យុវជនដៃឆើត ខា សុខេន ហៅនិត បានសារភាពក្នុងន័យបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ខ្លួនធ្លាប់បានប្រើប្រាស់គ្រឿងញៀនតាំងពីអំឡុងឆ្នាំ២០១៤មក ពោលគឺតាំងពីខ្លួនស្នាក់នៅផ្ទះជួលម្តុំភោជនីយដ្ឋាន ហង្សនាគ ព្រែកលៀប ដែលដំបូងឡើយ ប្រើប្រាស់តាមរយៈក្រុមក្មេងស្ទាវម្តុំវត្តកៀនឃ្លាំង ដោយក្រុមក្មេងស្ទាវទាំងនោះប្រាប់ថា ជក់ថ្នាំញៀនហើយធ្វើឲ្យមានកម្លាំង មិនសូវឃ្លានបាយ ក្លាហាន និងធ្វើឲ្យសប្បាយ ។ នៅថ្ងៃដែលខ្លួនសម្លាប់ម្តាយចុងនោះ ខ្លួនកំពុងស្រវឹងគ្រឿងញៀននៅឡើយ ព្រោះខ្លួនទើបមកពីជក់ថ្នាំញៀនជាមួយឈ្មោះ ង៉ែត ចំនួន០២ថ្ងៃជាប់ៗគ្នារួចមកហើយ ។
នេះ គឺជាលទ្ធផលដ៏សែនអាក្រក់នៃការប្រើប្រាស់គ្រឿងញៀន ដែលកំពុងចរាចរណ៍នៅកម្ពុជាក្នុងទ្រង់ទ្រាយគួរឲ្យព្រួយបារម្ភបំផុត ៕
ផលដ៏សែនអាក្រក់នៃគ្រឿងញៀន ! កូនប្រុសតារាកំប្លែងនាយ ហុងដា ដែលជាឃាតកសម្លាប់ម្តាយចុង គឺធ្លាប់បានប្រើប្រាស់គ្រឿងញៀន៣ឆ្នាំមកហើយ
Reviewed by Mong Kul
on
5:37 PM
Rating: