លោក ធិន ស៊ិនដេត អធិការប៉ូលិស ក្រុងប៉ោយប៉ែត បញ្ជាឲ្យដោះលែង លោកស័ក្តិ៥ ប៉ី ណាស៊ី បន្ទាប់ពីបុកមនុស្ស ស្លាប់ ២នាក់
ខេត្តបន្ទាយមានជ័យ ៖ ប្រភពបានធ្លោយឲ្យដឹងថា លោក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត គឺជាអ្នកបញ្ជាភ្លាមៗ ឱ្យសមត្ថកិច្ចក្រោមឱវាទ ដោះលែងលោក ប៉ី ណាស៊ី អនុប្រធាន ការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដែលបានបើករថយន្ត បុកមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ម្នាក់ កាលពីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ប្រភពបញ្ជាក់ថា ការអះអាងថា ស្ថាប័នតុលាការ ជាអ្នកដោះលែង ជនសង្ស័យឈ្មោះ ប៉ី ណាស៊ី គឺជាព័ត៌មានមិនពិត ព្រោះករណី គ្រោះថ្នាក់ចរាចរណ៍ រហូតមានមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់នោះ សមត្ថកិច្ច មិនទាន់បាន ចាប់ជនសង្ស័យ បញ្ជូនទៅតុលាការ ហើយសូម្បីតែ បញ្ជូនសំណុំរឿង ទៅតុលាការ ក៏មិនទាន់ឃើញផង បើកុំតែព័ត៌មានផ្សាយ សូម្បីតែ ស្ថាប័នតុលាការ ក៏ត្រូវគេលាក់ មិនឱ្យដឹងដែរ។
ប្រភពបានបញ្ជាក់ថា ជនរងគ្រោះ ដែលលោក ប៉ី ណាស៊ី បើករថយន្តបុក មាន ទី១.ឈ្មោះ ស្រីនី ភេទស្រី អាយុ ១៨ឆ្នាំ បានស្លាប់ ទី២.ឈ្មោះ សំបូរ ហៅ ពៅ ភេទប្រុស អាយុ ១៨ឆ្នាំ បានស្លាប់ និងទី៣.ឈ្មោះ នរាណ៍ ភេទស្រី អាយុ ១៧ឆ្នាំ របួសធ្ងន់។ ពាក់ព័ន្ធករណីនេះ លោក មាស ច័ន្ទពិសិដ្ឋ ព្រះអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានប្រាប់ អ្នកកាសែតថា លោកបានបញ្ជា ឱ្យសមត្ថកិច្ចស្រាវជ្រាវ និងតាមចាប់ខ្លួន ជនបង្កមកដាក់ទោសតាមច្បាប់។
ដោយឡែក លោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យបានថ្លែងថា សមត្ថកិច្ចកំពុងតែ បើការស៊ើបអង្កេត និងស្រាវជ្រាវ លើករណីនេះ។ លោកទទួលស្គាល់ថា រថយន្តបង្កជាគឺជា របស់លោក ប៉ី ណាស៊ី ពិតប្រាកដមែន ប៉ុន្តែមិនដឹងថា អ្នកណាជាអ្នកបើក ដូច្នេះសមត្ថកិច្ច មិនអាចឃាត់ខ្លួន លោក ប៉ី ណាស៊ី បានទេ។ ទាក់ទិនករណីនេះ លោក ធិន ស៊ិនដេត មិនទាន់អាច ទំនាក់ទំនង សុំការបំភ្លឺបានទេ ដោយសារគ្មាន លេខទូរស័ព្ទ។
គួររំលឹកថា កាលពីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមផ្លូវលំ ចាក់បេតុង មួយកន្លែង ត្រង់ចំណុច ស្តង់ជ្រូក ភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រថយន្តមួយគ្រឿង ម៉ាកហ្វតរ៉េងជ័រ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0808 បានបុកជាមួយម៉ូតូ ម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-2410 បណ្តាលឲ្យ ជនរងគ្រោះ ២នាក់ បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់។
ពាក់ព័ន្ធករណីនេះ យោងតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានចែងថា ជនណាបើកបរដោយ ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរព កាតព្វកិច្ច បទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោក បណ្ដាលឱ្យ មានមនុស្ស ស្លាប់ច្រើននាក់ ត្រូវផ្តន្ទាទោស ដាក់ព័ន្ធនាគារពី ២ឆ្នាំ ទៅដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លាន ទៅ ២៥លានរៀល៕
Source : Wat Phnom
លោក ធិន ស៊ិនដេត អធិការប៉ូលិស ក្រុងប៉ោយប៉ែត បញ្ជាឲ្យដោះលែង លោកស័ក្តិ៥ ប៉ី ណាស៊ី បន្ទាប់ពីបុកមនុស្ស ស្លាប់ ២នាក់
Reviewed by Mong Kul
on
2:00 PM
Rating:
No comments: