ការទាមទារដំឡើងប្រាក់ខែដោយភ្ជាប់ទៅនឹងរឿងស្ទះចរាចរណ៍កំពុងស្ថិតនៅក្នុងគំនិតរបស់បុគ្គលិកឬ?
ភ្នំពេញ៖ ការកកស្ទះចរាចរណ៍បានក្លាយទៅជារឿងមួយដែលកំពុងដាក់បន្ទុកបន្ថែមទៅដល់បុគ្គលធ្វើការដែលមានគេហដ្ឋាននៅឆ្ងាយពីកន្លែងធ្វើការ។ ប្រាក់ខែនៃការងារខ្លះ បើកមក បានត្រឹមតែសម្រាប់ការចំណាយទៅលើការធ្វើដំណើរ និងការពិសាអាហារតែប៉ុណ្ណោះ។ តើការទាមទារដំឡើងប្រាក់ខែដោយភ្ជាប់ទៅនឹងរឿងកកស្ទះចរាចរណ៍កំពុងស្ថិតនៅក្នុងគំនិតរបស់បុគ្គលិកមែនឬទេ?
កាលពីដើមឡើយ បុគ្គលិកក្រុមហ៊ុន ឬអង្គការ ឬមន្ត្រីរាជការមិនដែលបានគិតភ្ជាប់ពីរឿងប្រាក់ខែទៅនឹងរឿងកកស្ទះចរាចរណ៍ឡើយ។
ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះទេដែលបុគ្គលិកក្រុមហ៊ុន អង្គការ និងមន្ត្រីរាជការខ្លះចាប់ផ្តើមគិតថា បើទទួលបានប្រាក់ខែតិច ហើយកន្លែងធ្វើការឆ្ងាយ ពួកគេសុខចិត្តមិនទទួលយកការងារនោះ។ ផ្ទុយទៅវិញ បុគ្គលិកខ្លះ សុខចិត្តធ្វើការឲ្យក្រុមហ៊ុនមួយប្រាក់ខែមធ្យម តែកន្លែងធ្វើការជិតគេហដ្ឋានរបស់ពួកគេ។
បើផ្ទះនៅតំបន់ទួលគោក ហើយកន្លែងធ្វើការនៅក្បាលថ្នល់ បុគ្គលិកចាប់ផ្តើមគិតពីរឿងចំណាយច្រើនដោយសារការកកស្ទះចរាចរណ៍។ នៅពេលដែលការចំណាយលើការធ្វើដំណើរកាន់តែច្រើន បុគ្គលិក ចាប់ផ្តើមដាក់សម្ពាធលើក្រុមហ៊ុនដែរ។ កាលណា គេហដ្ឋាននៅឆ្ងាយពីកន្លែងធ្វើការ បុគ្គលិកត្រូវចំណាយលើការធ្វើដំណើរផង និងត្រូវចំណាយលើអាហារថ្ងៃត្រង់ផង។ នេះ គេនៅមិនទាន់គិតពីរឿងកើតជំងឺស្ត្រេសដែលកើតឡើងពីការកកស្ទះចរាចរណ៍ផង។
សព្វថ្ងៃនេះ ប្រសិនបើប្រាក់ខែទទួលបានតិចល្មម នោះបុគ្គលិកធ្វើការ គឺដើម្បីតែសម្រាប់ការចំណាយថ្លៃម្ហូបអាហារ និងថ្លៃធ្វើដំណើរប៉ុណ្ណោះ។ ប្រសិនបើអ្នកប្រើប្រាស់រថយន្តជាយានជំនិះទៀត នោះការចំណាយកាន់តែប៉ោងឡើង។ នៅក្នុងប្រទេសជឿនលឿនមួយចំនួន សេវាដឹកជញ្ជូនសាធារណៈមានចំនួនច្រើន ហើយថ្លៃសេវាក៏ថោកដែរ។ នៅកម្ពុជា ពលរដ្ឋចូលចិត្តធ្វើដំណើរដោយខ្លួនឯង ដូច្នេះ ការចំណាយលើសេវាធ្វើដំណើរមានកម្រិតខ្ពស់។
វាមិនទាន់ជាករណីទូទៅនៅឡើយទេ។ តែបុគ្គលិកក្រុមហ៊ុន អង្គការ និងមន្ត្រីរាជការមួយចំនួនចាប់ផ្តើមគិតភ្ជាប់រឿងកកស្ទះចរាចរណ៍ទៅនឹងការទាមទារដំឡើងប្រាក់ខែ ព្រោះ ការកកស្ទះចរាចរណ៍«ស៊ីលុយ»ប្រាក់ខែបុគ្គលិកកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
តើថៅកែបានដឹងពីរឿងនេះហើយឬនៅ? ចម្លើយ គឺថា ថៅកែពិតជាដឹងរឿងនេះច្បាស់ណាស់ តែថា ឲ្យថៅកែគិតពីរឿងដំឡើងប្រាក់ខែជូនបុគ្គលិកដែលមានផ្ទះនៅឆ្ងាយពីកន្លែងធ្វើការ ហើយឬនៅនោះ គេមិនទាន់ដឹងនៅឡើយទេ៕
ការទាមទារដំឡើងប្រាក់ខែដោយភ្ជាប់ទៅនឹងរឿងស្ទះចរាចរណ៍កំពុងស្ថិតនៅក្នុងគំនិតរបស់បុគ្គលិកឬ?
Reviewed by Mong Kul
on
6:48 PM
Rating:
No comments: