របៀបវិធីធ្វើ នំប៉័ងចៀនជាមួយសាច់ជ្រូកចិញ្ច្រាំ
ថ្ងៃនេះសូមនាំប្រិយមិត្តមកចាប់អារម្មណ៍ និងចេះវិធីចៀននំប៉័ងជាមួយសាច់ជ្រូកចិញ្ច្រាំ សម្រាប់បងប្អូនមួយចំនួនពុំដែលបានដឹង និងចង់ចេះធ្វើមុខម្ហូបថ្មីៗ។ គ្រឿងផ្សំមុខម្ហូបនេះ ងាយស្រួលរកទិញ និងមិនមានអ្វីច្រើនសាំញ៉ាំទេ ត្រូវការចាំបាច់បំផុត នំប៉័ង និងសាច់ជ្រូក។
គ្រឿងផ្សំ៖
គ្រឿងផ្សំ៖
- នំប៉័ងជ្រុង ឬមូលក៏បានចំនួន ១០បន្ទះ
- សាច់ជ្រូកចិញ្ច្រាំម៉ត់ ៣០០ក្រាម ឬមួយកូនចានតូច
- ទឹកស៊ីអ៊ីវ ១ស្លាបព្រា
- ម្សៅមី ១ស្លាបព្រា
- ម្រេចម៉ត់កន្លះស្លាបព្រា
- ខ្ទឹមស ៥កំពឹស ចិញ្ច្រាំម៉ត់
- ជីវ៉ាន់ស៊ុយចិញ្ច្រាំ ៣ដើម
- ស្លឹកជីវ៉ាន់ស៊ុយ
- ស៊ុត ២គ្រាប់
- ប្រេងឆាសម្រាប់បំពង
- ស្ករស ៣ស្លាបព្រា
- ទឹកខ្មេះ ២ស្លាបព្រា
- អំបិលកន្លះស្លាបព្រា
- ទឹកកន្លះកូនចាន
- បន្លែសម្រាប់ធ្វើទឹកជ្រលក់៖ មើមខ្ទឹមក្រហម ត្រសក់ និងម្ទេស
វិធីធ្វើ៖
- ហាន់បន្ទះនំប៉័ងជាចំណិតបួនជ្រុងទុកមួយឡែកសិន។ ចាក់គ្រឿងផ្សំមានខ្ទឹមសចិញ្ច្រាំ ជីវ៉ាន់ស៊ុយ ទឹកស៊ីអ៊ីវ ម្រេចច្របល់ចូលគ្នា រួចដាក់សាច់ជ្រូកចិញ្ច្រាំពីលើច្របាច់ឲ្យសព្វ ហើយរោយម្សៅមី និងច្របាច់ម្ដងទៀតឲ្យសព្វ។ បន្ទាប់មក យកសាច់ជ្រូកទាំងនោះទៅដាក់ពីលើចំណិតនំប៉័ងនីមួយៗ រួចប្រឡាក់នឹងស៊ុតក្រឡុក សឹមដាក់ចៀនក្នុងខ្ទះ រហូតអស់ជាការស្រេច។
- ចៀនរួច យើងត្រូវធ្វើទឹកជ្រលក់ ដោយដាក់ទឹកក្នុងខ្ទះស្អាតថ្មីមួយ រួចចាក់ស្ករស អំបិល និងទឹកខ្មេះចូល ហើយកូរវាឲ្យស្កររលាយអស់ រួចចាក់ចូលកូនចានស្អាតមួយ។ រៀបចំកូនចានមួយទៀតដាក់ត្រសក់ ខ្ទឹមក្រហម ម្ទេស រួចចាក់ទឹកដាំបានខាងលើ ចូលជាការស្រេច៕
របៀបវិធីធ្វើ នំប៉័ងចៀនជាមួយសាច់ជ្រូកចិញ្ច្រាំ
Reviewed by Mong Kul
on
9:22 PM
Rating:
No comments: