កក្រើកមេឃ! ភ្នំភ្លើង ភាគខាងជើងរុស្សី ផ្ទុះជះកម្អែល ឡើងលើអាកាស់ កម្ពស់៦គីឡូម៉េត
(វ៉្លាឌីវ៉ូស្តូក)៖ ភ្នំភ្លើងល្បីឈ្មោះប្រចាំភាគខាងកើតប្រទេសរុស្ស៊ី ឈ្មោះ Klyuchevskoy បានផ្ទុះឡើងយ៉ាងកក្រើកតែម្តងនៅថ្ងៃព្រហស្បតិ៍នេះ និងជះកម្អែលផេះឡើងលើអាកាសកម្ពស់ ៦,០០០ម៉ែត្រឯណោះ ប៉ុន្តែវាមិនបានបង្កឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ដោយសារតែតំបន់ជុំវិញភ្នំភ្លើងនោះ ពុំសូវមានមនុស្សរស់នៅឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
សម្រាប់កម្រិតប្រកាសអាសន្ន ចេញដោយទីភ្នាក់ងាររុស្ស៊ីពេលនេះមានពណ៌ទឹកក្រូច ដែលជាកម្រិតធ្ងន់គួរសមមួយផងដែរ។ ដំណើរកម្សាន្ត និងទស្សនកិច្ចនានាទៅកាន់តំបន់ក្បែរភ្នំភ្លើងនោះត្រូវបានប្រកាសឲ្យផ្អាកជាបណ្តោះអាសន្ន រង់ចាំអាជ្ញាធរធ្វើការប្រកាសពីសុវត្ថិភាពនាពេលក្រោយទៀត។ ដោយឡែកផ្ទះប្រជាជនដែលនៅមិនឆ្ងាយពីតំបន់ភ្នំភ្លើង ក៏ត្រូវបានគ្របដណ្តប់ដោយកម្អែលផេះផងដែរ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ អំពីគ្រោះមហន្តរាយណាមួយបានកើតឡើងនោះឡើយ។
គួរបញ្ជាក់ថា ភ្នំភ្លើង Klyuchevskoy (គ្លីយូឆេវស្កុយ) មានអាយុ ៧,០០០ឆ្នាំ និងកម្ពស់ ៤,៧៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ដែលវាជាភ្នំភ្លើងដ៏ខ្ពស់បំផុតនៅតំបន់អឺរ៉ុប-អាស៊ី។ ការផ្ទុះរបស់វាដ៏ខ្លាំងក្លាបំផុត ធ្លាប់បានកើតមានឡើងកាលពីឆ្នាំ២០១៣៕
កក្រើកមេឃ! ភ្នំភ្លើង ភាគខាងជើងរុស្សី ផ្ទុះជះកម្អែល ឡើងលើអាកាស់ កម្ពស់៦គីឡូម៉េត
Reviewed by Mong Kul
on
11:53 PM
Rating: