បាញ់សម្លាប់ទៀតហើយ ! មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ពេលកំពុងបើកបររថយន្ត
បុរសម្នាក់ពេលកំពុងបើកបររថយន្តចេញពីហូបការនៅកោះពេជ្រឆ្ពោះទៅលំនៅដ្ឋានវិញមកដល់ត្រង់ចំណុចភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានខ្មាន់កាំភ្លើងចំនួន២នាក់ជិះទោចក្រយានយន្តមួយគ្រឿងតាមបាញ់សម្លាប់ទម្លុះកញ្ចក់រថយន្តចំនួន៣គ្រាប់យ៉ាងសាហាវព្រៃផ្សៃបណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងរថយន្តកាលពីរាត្រីម៉ោង២១ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា បុរសជាជនរងគ្រោះក្នុងអំពើឃាតកម្មនេះ មានឈ្មោះ សឿង ផានិត អាយុ២៨ឆ្នាំ ជាមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយកាន់មុខតំណែងជាអនុប្រធានការិយាល័យនីតិកម្មនៃអាជ្ញាធរបឹងទន្លេសាប ដែលមានឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងបើកបររថយន្តតាមផ្លូវលំសំដៅទៅផ្ទះនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងពេលធ្វើដំណើរមកដល់ផ្លូវកែងបត់ចូលផ្ទះ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Smash មិនចាំស្លាកលេខមកឈប់ក្បែររថយន្ត រួចដកកាំភ្លើងមិនស្គាល់ម៉ាកបាញ់ទម្លុះកញ្ចក់សំដៅទៅលើជនរងគ្រោះចំនួន៣គ្រាប់ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅក្នុងរថយន្ត ។ ក្រោយពីធ្វើសកម្មភាពដ៏ព្រៃផ្សៃនេះរួច ជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ស្រមោល ។
សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានជាបឋមថា អំពើឃាតកម្មនេះ មិនមែនជាករណីប្លន់ទេ គឺអាចជាករណីគំនុំច្រើនជាង ប៉ុន្តែមិនទាន់បានដឹងថា ផ្តើមចេញពីមូលហេតុអ្វីនៅឡើយទេ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការអង្កេតតាមដានស្រាវជ្រាវកំណត់មុខសញ្ញា និងស្វែងរកជនដៃដល់យ៉ាងសកម្មហើយ ដើម្បីឈានទៅចាប់ខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីនៃច្បាប់ ។
តាមការកត់សម្គាល់ជាក់ស្តែងបានបង្ហាញឲ្យឃើញថា អាវុធបានធ្លាក់ទៅដល់ក្នុងដៃមនុស្សជាច្រើននាក់ប្រើប្រាស់មានទាំងស្របច្បាប់ មានទាំងខុសច្បាប់ ខណៈការបាញ់សម្លាប់មនុស្ស គឺប្រៀបប្រដូចបានទៅនឹងការបាញ់សត្វចាបអ៊ីចឹង ៕
បាញ់សម្លាប់ទៀតហើយ ! មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ពេលកំពុងបើកបររថយន្ត
Reviewed by Mong Kul
on
5:24 PM
Rating: