របៀបធ្វើ នំព្រះខែ ស្នូលសណ្តែក - Moon cake
គ្រឿងផ្សំ
+ សម្រាប់ធ្វើ ទឹកស៊ីរ៉ូ (Golden syrup)
- ក្រូចឆ្មាទុំ ១ផ្លែធំ (ច្របាច់យកទឹក)
- ស្ករក្រហម ១គីឡូក្រាម
- ទឹក ៦០០មីលីលីត្រ
- ស៊ីរ៉ូ រសជាតិក្រូច (Organic Malt Syrup) ៣០ក្រាម
- ទឹករំចេក (lye water) ១ស្លាបព្រាកាហ្វេ
+ សម្រាប់ធ្វើ ស្នូល
- សណ្តែកបាយ ៣ខាំ (បកសម្បកស្អាត)
- អំបិល ១/២ស្លាបព្រាកាហ្វេ
- ស្ករស ១៤០ក្រាម
- ប្រេងដូង ១០០មីលីលីត្រ
- ស៊ីរ៉ូ រសជាតិក្រូច (Organic Malt Syrup) ១ស្លាបព្រាបាយ
- ម្សៅឆា ៤៥ក្រាម
+ សម្រាប់ធ្វើ សម្រកនំ
- ប្រេងឆា ៣០មីលីលីត្រ
- ពងមាន់ ១គ្រាប់
- ម្សៅស្រូវសាលី ២៤០ក្រាម
របៀបធ្វើ
+ របៀបធ្វើ ទឹកស៊ីរ៉ូ (Golden syrup)
- យកឆ្នាំងដាក់ស្ករ និងទឹករួចដាំអោយពុះ រួចដាក់ទឹកក្រូចឆ្មា និងសម្បកក្រូចចូល ដាំអោយពុះប្រហែល ៣០នាទី។
- បន្ថយភ្លើងបន្តិច រួចដាក់ស៊ីរ៉ូ និងទឹករំចេកចូល ដាំ២០នាទីទៀត រួចស្រង់សំបកក្រូចចេញ ទុកមួយអន្លើ (ក្នុងអំឡុងពេលធ្វើ ឧស្សាហ៍ ដងពពុះចេញអោយអស់)។
+ របៀបធ្វើ ស្នូល
- យកសណ្តែកបាយត្រាំក្នុងទឹក ដាក់អំបិល១/២ស្លាបព្រាកាហ្វេ ត្រាំចោល៤ម៉ោង រួចលាងទឹកអោយស្អាត សឹមយកទៅស្ងោជាមួយទឹក ១.៣លីត្រអោយឆ្អឹន (៥ទៅ៧នាទី) រួចយកទៅកិនទាំងទឹក (ម៉ាស៊ីនក្រឡុក) អោយម៉ត់។
- យកសណ្តែកដែលកិនរួចលាយជាមួយស្ករ និងប្រេងដូង ទៅកូលើភ្លើង (ប្រើភ្លើងតិចៗ) អោយស្ងួតទឹក រួចដាក់ស៊ីរ៉ូ ១ស្លាបព្រាបាយ និងម្សៅឆាចូលកូអោយសព្វ រលាយជាសាច់មួយ រួចយកទៅដាក់ក្នុងចានមួយ បិទផ្លាស្ទិចអោយជិត ទុកមួយអន្លើ (ទុកអោយឡើងល្អ)។
+ របៀបធ្វើ នំ
- លាយប្រេងឆា ទឹកស៊ីរ៉ូ (Golden syrup)ដែលធ្វើរួចខាងលើ ១៦០មីលីលីត្រ និងពងមាន់ផ្នែកក្រហមចូលគ្នា អោយសព្វល្អ ដាក់ម្សៅស្រូវសាលីចូល កូចូលគ្នាអោយសព្វ វាយអោយស្អឹតល្អ និងរលាយចូលគ្នាសាច់មួយ រួចយកដាក់ក្នុងចាន និងបិទផ្លាស្ទីចអោយជិត ទុកចោល ៣០ទៅ៤០នាទី (ទុកអោយឡើងល្អ)។
- យកម្សៅលុញជាដុំប៉ុនមេជើង (លៃអោយល្មមពុម្ភ) រហូតដល់អស់ម្សៅ។
- យកស្នូលមកលុញជាដុំប៉ុនម្សៅ រួចយកដុំម្សៅទៅសង្កត់អោយត្រប៉ែត សឹមយកមកខ្ចប់ស្នូល រួចយកទៅដាក់ពុម្ភ សង្កត់តិចអោយស្មើពុម្ភ សឹមចាក់ចេញពីពុម្ភ។
- យកនំដែលធ្វើរួចទៅដុត ៥ទៅ៧នាទី ដោយប្រើកំដៅ ១៨០អង្សា រួចយកពងមាន់មកលាបពីលើតិចៗអោយសព្វ (ពងមាន់ផ្នែកក្រហម វាយអោយបែក) រួចយកទៅដុត ៧ទៅ១០នាទីទៀត ដោយប្រើកំដៅ ២០០អង្សាជាការស្រេច៕
*** នំព្រះខែអាចធ្វើស្នូលបានច្រើនប្រភេទ តាមដែលលោកអ្នកចូលចិត្ត របៀបធ្វើដូចគ្នា។
របៀបធ្វើ នំព្រះខែ ស្នូលសណ្តែក - Moon cake
Reviewed by Mong Kul
on
10:49 PM
Rating: