របៀបធ្វើ ផាកឡូវ
វាមានរូបមន្តផ្សេងៗគ្នាសម្រាប់ធ្វើមុខម្ហូប ហើយសម្រាប់មុខម្ហូប ផាកឡូវនេះ យើងក៏មានវិធីសាស្ត្រមួយដែរសម្រាប់ចំអិនវា។ ខាងក្រោមនេះអ្នកនឹងដឹងពីរបៀបធ្វើវាទៅតាមលំដាប់។
គ្រឿងផ្សំ
- ត្រចៀក អណ្តាត ហ៊ុន និងក្រពះជ្រូក ១,៥ គីឡូក្រាម
- ស្ករ (ស ឬ ត្នោត) ១ខាំ
- ផ្កាចាន់ ៣ផ្កា
- ទឹកត្រី ៣ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំអោយម៉ត់)
- អំបិល ១ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ
- ទឹកកន្លះលីត្រ
របៀបធ្វើ
- យកសាច់ច្របាច់ជាមួយអំបិល រួចលាងទឹកអោយស្អាត ធ្វើបែបនេះ បីបួនដង។ កាត់ជាដុំធំៗ។
- ដាក់ប្រេងឆាដាំក្នុងឆ្នាំង ដាក់ស្ករសចូលកំលោចអោយក្រហមល្អ (ប្រើភ្លើងតិចៗ) រួចដាក់ខ្ទឹមស និងផ្កាចាន់ចូលកំលោចអោយឈ្ងុយ រួចដាក់សាច់ចូលកូរអោយសព្វ រួចដាក់ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុប រំងាស់រហូតដល់ស្ងួតទឹក។
- ដាក់ទឹកចូលរំងាស់រហូតដល់សាច់ឆ្អឹន និងស្ងួតទឹក (ទុកទឹកបន្តិច)។
- យកទឹកដែលនៅសល់ដាក់ក្នុងចានមួយ ដាក់ម្ទេសបន្តិច ស្ករបន្តិច ទឹកម្ទេសបន្តិច និងទឹកស៊ីអ៊ីវចូលកូរអោយសព្វទុកធ្វើទឹកជ្រលក់។
- ហាន់សាច់ជាចំនិចស្តើងៗ ញុំាជាមួយទឹកជ្រលក់ ផ្ទាប់ជាមួយត្រសក់ជាការស្រេច៕
អ្នកស្រី សុគន្ធារី
របៀបធ្វើ ផាកឡូវ
Reviewed by Mong Kul
on
11:47 PM
Rating: