គន្លឹះសំខាន់ៗ ដើម្បីឲ្យរៀនចប់បរិញ្ញាបត្រភ្លាម មានការងារល្អប្រាក់ខែខ្ពស់
មាននិស្សិតមួយចំនួន ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ តែងមានផលវិបាកក្នុងការស្វែងរកការងារធ្វើ ជាពិសេសការងារល្អៗទទួលបានប្រាក់ខែខ្ពស់។ ដូច្នេះតើមានគន្លឹះសំខាន់ៗអ្វីខ្លះ ដើម្បីក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមានការងារល្អធ្វើភ្លាម? ខាងក្រោមនេះជាការចែករំលែក ពីយុវជនមួយចំនួនដែលទទួលការងារល្អៗក្រោយបញ្ចប់ការសិក្សាភ្លាមៗ។
១. កំណត់គោលដៅការងារឱ្យបានច្បាស់លាស់
តាមការលើកឡើងរបស់និស្សិត សែម សុធីតា ទើបបញ្ចប់ការសិក្សាផ្នែកធុរកិច្ច នៅសាកលវិទ្យាល័យបៀលប្រាយ បច្ចុប្បន្នជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនធំមួយ បានលើកឡើងថា "ចំពោះខ្ញុំដើម្បីក្រោយបញ្ចប់ការសិក្សាមានការងារល្អធ្វើភ្លាម យើងគួរកំណត់ពីប្រភេទការងារដែលយើងចង់ធ្វើ មិនមែនចេះតែរៀនៗនោះទេ"។ ធីតា បន្តទៀតថា នៅពេលកំណត់ការងារដែលចង់ធ្វើហើយ អំឡុងពេលសិក្សាគួរតាមដានការងារនោះឱ្យជាប់ ប្រសិនបើមានឱកាសណាមួយដូចជាវគ្គបណ្ដុះបណ្ដាលអ្វីមួយដែលពាក់ព័ន្ធគួរតែចូលរួម។
២. បង្កើតទំនាក់ទំនងជាមួយលោកគ្រូអ្នកគ្រូ
ចំពោះលោក នូ សុភា និស្សិតផ្នែកសេដ្ឋកិច្ច នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បច្ចុប្បន្នជាមន្ត្រីក្របខណ្ឌរដ្ឋមួយកន្លែងបានប្រាប់ថា ទំនាក់ទំនងជាមួយលោកគ្រូអ្នកគ្រូ ក្នុងសាកលវិទ្យាល័យពិតជាសំខាន់ តែនិស្សិតខ្លះពុំបានចាប់អារម្មណ៍នោះទេ។ ត្រូវដឹងថាលោកគ្រូ អ្នកគ្រូនេះហើយគឺជាជង្រុកនៃព័ត៌មានល្អៗមិនថាតែបញ្ហាការងារនោះទេ។ សុភា ប្រាប់ថាគួរតែមានទំនាក់ទំនងល្អជាមួយលោកគ្រូអ្នកគ្រូក្នុងសាកលវិទ្យាល័យ ព្រោះពួកគាត់ប្រឡូកក្នុងសង្គមច្រើនអាចដឹងអ្វីច្រើនពីពួកគាត់។
៣. ចូលរួមកម្មវិធីនានាក្នុងសង្គមឱ្យច្រើន
ដោយឡែក គីមសុង ជាបុគ្គលិកកំពុងធ្វើការងារផ្នែកទំនាក់ទំនងអន្តរជាតិ ក្នុងអង្គការក្រៅរដ្ឋាភិបាលមួយប្រាប់ថា ការចូលរួមកម្មវិធីនានាក្នុងសង្គមពិតជាសំខាន់ណាស់ ដូចជាការបណ្ដុះបណ្ដាលជំនាញផ្សេងៗ សកម្មភាពមនុស្សធម៌ ការប្រឡងប្រជែងនានាជាដើម សុទ្ធតែឱកាសកសាងសមត្ថភាព និងធ្វើឱ្យមាន(Credit) ចំពោះខ្លួនឯងទៀតផង។ ជាក់ស្ដែងដូចជារូបលោកផ្ទាល់ មុននឹងបានបម្រើការងារក្នុងអង្គការអន្តរជាតិនេះ ព្រោះរូបលោកមានប្រវត្តិរូបល្អ ជាពិសេសវិញ្ញាបនបត្រជាច្រើនបញ្ជាក់ពីការងារក្នុងសង្គមនេះតែម្ដង ព្រោះអង្គការអន្តរជាតិភាគច្រើនផ្ដល់តម្លៃលើការងារសង្គមណាស់។
៤. សាកល្បងធ្វើការងារស្ម័គ្រចិត្តក្នុងឆ្នាំទី២
មកចំណុចនេះ ធីតា លើកឡើងថា គួរសាកល្បងធ្វើការងារស្ម័គ្រចិត្តខ្លះៗពេលកំពុងសិក្សាក្នុងឆ្នាំទី២។ ធីតា និយាយថា មិនមែនធ្វើការភ្លេចពីការខំប្រឹងរៀននោះទេ ប៉ុន្តែពេលទំនេរសល់ពីការសិក្សាគួរចាប់យកឱកាសណាមួយ ដើម្បីធ្វើការងារស្ម័គ្រចិត្ត ដូចជានៅតាមបណ្ដាអង្គការនានា ឬមួយជាបុគ្គលិកបណ្ដែតក្រៅម៉ោងក្នុងក្រុមហ៊ុនណាមួយក៏បាន។ ធីតា ប្រាប់ថា ធ្វើបែបនេះមិនបានប៉ះពាល់ដល់ការសិក្សានោះទេ ប៉ុន្តែផ្ទុយទៅអាចទទួលបានបទពិសោធន៍ពីការងារ ហើយក៏ជាចំណុចចាប់ផ្ដើមក្នុងការសម្លឹងមើលឱកាសការងារធំៗនៅខាងមុខទៀត។
៥. ចូលបម្រើការងារក្រៅម៉ោងក្នុងឆ្នាំទី៣និងទី៤
មកដល់ចំណុចនេះ គីមសុង លើកឡើងថា នៅពេលដែលរៀនដល់ឆ្នាំទី ៣ ឬក៏ទីបួនគួរចាប់ផ្ដើមប្រឡូកចូលក្នុងការងារ ប៉ុន្តែកុំប្រឡូកពេញទំហឹងអីគួរធ្វើបណ្ដើរៗបានហើយ។ គីមសុង និយាយថា ក្នុងឆ្នាំទី ៣ និងទី៤ នេះគឺជាពេលវេលាត្រូវពង្រឹងទៅលើមុខជំនាញកំពុងសិក្សានៅសាកលវិទ្យាល័យ ដូច្នេះហើយប្រសិនបើសម្រុកការងារខ្លាំងពេក អាចប៉ះពាល់ដល់ការសិក្សា។ ដូច្នេះហើយគួររកក្រុមហ៊ុនណាដែលអាចឱ្យធ្វើការងារក្រៅម៉ោងបានគួរតែធ្វើតែក៏ត្រូវធ្វើឱ្យល្អផងដែរ។ គីមសុង លើកឡើងទៀតថា ក្រោយពេលបញ្ចប់ការសិក្សាប្រសិនបើក្រុមហ៊ុននោះដំឡើងដំណែងនិងប្រាក់ខែឱ្យចង់ធ្វើបន្តទៀតក៏បាន ប៉ុន្តែបើមានការងារណាល្អជាងនឹងទៀតចង់ផ្លាស់ប្ដូរក៏បានដែរ៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
គន្លឹះសំខាន់ៗ ដើម្បីឲ្យរៀនចប់បរិញ្ញាបត្រភ្លាម មានការងារល្អប្រាក់ខែខ្ពស់
Reviewed by Mong Kul
on
12:44 AM
Rating: