ខេមរៈសិរីមន្តត្រៀមបើកផលិតកម្មផ្ទាល់ខ្លួនក្រោយផុតកុងត្រាជាមួយសាន់ដេ
ភ្នំពេញ ៖ តារាចម្រៀងលំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត ត្រូវបានកេទម្លាយថា ក្រោងដើរចេញពីផលិតកម្មសាន់ដេនៅពេលដ៏ខ្លីខាងមុខនេះ និងគ្រោងបើកដំណើរការផលិតកម្មផលិតបទចម្រៀងដោយខ្លួនលោកផ្ទាល់ផងដែរ។
ការទម្លាយនេះត្រូវបានធ្វើឡើងក្រោយពីលោក ខេមរៈ សិរីមន្តជិតនឹងបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មសាន់ដេក្នុងពេលឆាប់ៗនេះ។ ប្រភពទម្លាយថាគម្រោងបើកផលិតកម្មផ្ទាល់ខ្លួននេះគឺមានជាយូមកហើយ ព្រោះក្រុមត្រកូលខេមរៈ មានជំនឿជាក់ខ្ពស់ចំពោះប្រជាប្រិយភាពរបស់ពួកគេ។ ទោះជាយ៉ាងណាលោកខេមរៈភារុណត្រូវជាបងប្រុសនិងជាអ្នកនិពន្ធល្បីឈ្មោះម្នាក់បានស្ទាក់ស្ទើចំពោះការលើកឡើងខាងលើ។ លោកលើកឡើងថាការបើកផលិតកម្មថ្មីនេះមិនទាន់ដឹងច្បាស់យ៉ាងណាទេដោយរង់ចាំផុតកុងត្រាជាមួយសាន់ដេសិន។អ្នកនិពន្ធរូបនេះបន្តថារឿងប្អូនប្រុសលោកគាត់បើកផលិតកម្មផ្ទាល់ខ្លួនហ្នឹងនៅវែងឆ្ងាយទៀតលោកមិនអាចបញ្ជាក់ពេលនេះបានទេគឺត្រូវរងចាំមើលបន្តសិន។
លោកថា បើកផលិតកម្មមិនមែនជារឿងងាយស្រួលទេហើយវាគឺជារឿងដ៏ធំនិងស្មុគ្រស្មាញបំផុតហេតុនេះលោកក៏ដូចជាប្អូនប្រុសមិនមែនចេះតែអាចធ្វើឡើងភ្លាមៗបាននោះទេ។លោកក៏ថ្លែងបដិសេធចំពោះការលើកឡើងដែរថា ការចេញបើកផលិតកម្មផ្ទាល់ខ្លួននេះគឺក្រោយពេលលោកនិងប្អូនប្រុសមានទំនាស់ជាមួយម្ចាស់ផលិតកម្មសាន់ដេនោះ។ លោកថាត្រកូលខេមរៈជាមួយផលិតកម្មសាន់ដេនៅតែល្អូកល្អិនជាមួយគ្នាដដែលបើទោះជាកុងត្រាជិតបំផុតកំណត់ហើយក្ដី។
ទោះជាយ៉ាងណាប្រភពដែលកៀកកិតជិតតារាចម្រៀងខេមរៈ សិរីមន្តលើកឡើងថាការត្រៀមបើកផលិតកម្មផ្ទាល់ខ្លួននេះក៏ព្រោះតែការសំឡឹងមើលឃើញទីផ្សារ និងអាចទាញតារាចម្រៀងល្បីឈ្មោះមួយចំនួនចូលរួមក្រៅពីប្អូនស្រីលោក គឺកញ្ញា ខេមរៈ ស្រីពៅនោះ។
គួរបញ្ជាក់ដែរថា លោកខេមរៈសិរីមន្តរួមនឹងបងប្រុសនិងប្អូនស្រីបានជ្រកក្រោមទ្រនំសាន់ដេអស់រយៈពេល៩ឆ្នាំហើយ ដោយបានបង្កើតនូវការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ គេក៏នៅរងចាំមើលពីការបើកដំណើរការផលិតកម្មថ្មីរបស់ពួកគេផងដែរ ៕ វឌ្ឍនា
ប្រភព៖ nkdnews
ខេមរៈសិរីមន្តត្រៀមបើកផលិតកម្មផ្ទាល់ខ្លួនក្រោយផុតកុងត្រាជាមួយសាន់ដេ
Reviewed by Mong Kul
on
5:06 PM
Rating: