អីយ៉ាស់! លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ផ្ញើសារមួយ វាយបកទៅកាន់ រដ្ឋាភិបាលលោក ប្រាយុទ្ធ!
(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃដែលត្រូវបានទម្លាក់ចេញពីអំណាច និងកំពុងរស់នៅតាមបែបនិរទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅថ្ងៃសុក្របានចោទប្រកាន់រដ្ឋាភិបាលយោធាថា បានតោងធ្វើបាប និងរុកគួនរូបលោកជានិច្ចជុំវិញរឿងប្រាក់បំណុល ហើយបងប្រុសលោកស្រី យីងឡាក់ រូបនេះថែមទាំងបាននិយាយថាទៀតថា សូមរដ្ឋាភិបាលកុំអូសរូបលោកទៅពាក់ព័ន្ធនឹងផែនការផ្សះផ្សាជាតិរបស់រដ្ឋាភិបាលថ្មី ឲ្យសោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បាននិងកំពុងរស់នៅតាមបែបនិរទេសខ្លួនចាប់តាំងពី ត្រូវបានកម្លាំងយោធាថៃធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចកាលពីឆ្នាំ២០០៦ ប៉ុន្តែចលនាប្រជានិយមរបស់លោក នៅតែបន្តស្ថិតចំកណ្តាលបេះដូងនៃការបែកចែកនយោបាយ នៅក្នុងប្រទេសថៃដដែល។ ម៉្យាងវិញទៀតកងទ័ពថៃក៏បានធ្វើរដ្ឋប្រហារជាថ្មីម្តងទៀត ដើម្បីដណ្តើមអំណាចចេញពីកណ្តាប់ដៃរដ្ឋាភិបាលលោកស្រី យីងឡាក់ ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោកថែមទៀត ដោយសម្អាងលើកហេតុផលថា ដើម្បីបញ្ចប់បញ្ហានយោបាយដ៏រ៉ាំរ៉ៃ។
ការធ្វើអត្ថាធិប្បាយជាសាធារណៈដ៏កម្រខាងលើ របស់អតីតនាយករដ្ឋមន្រ្តីថៃត្រូវបានធ្វើឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គម នៅប៉ុន្មានថ្ងៃបន្ទាប់ពីនាយកដ្ឋានប្រាក់ចំណូលថៃ បានផ្ញើវិក័យប័ត្រមួយសន្លឹកពាក់ព័ន្ធនឹងការបង់ពន្ធថ្លៃ១៧ពាន់លានបាត ដែលស្មើនឹង៥០០លានដុល្លារអាមេរិក ជុំវិញការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនទូរគមនាគមន៍មួយកន្លែង កាលពីជាង១០ឆ្នាំមុនឯណោះម៉្លេះ ទៅកាន់លោក ថាក់ស៊ីន។ លោក ថាក់ស៊ីន បានគូសបញ្ជាក់ថា នេះគឺជាឧទាហរណ៍ថ្មីចុងក្រោយមួយ បង្ហាញពីរូបលោករួម និងក្រុមគ្រួសារបានទទួលរង ការស្តីបន្ទោស ការចោទប្រកាន់ និងការរុកគួនធ្វើបាបឥតឈប់ឈរឡើយ។
ជាមួយគ្នានេះលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានបន្តថា «សម្រាប់ដំណើរការផ្សះផ្សាជាតិវិញ ខ្ញុំសុំស្នើយ៉ាងទទូចដល់គ្រប់ភាគីទាំងអស់ឲ្យដករូបខ្ញុំចេញពីបញ្ហានេះទៅ ហើយដោយឡែកអ្នកដែលក្តោបក្តាប់អំណាចនៅក្នុងដៃ មិនគួរប្រើប្រាស់អភូតហេតុ និងធ្វើអ្វីតាមតែអំពើចិត្តដើម្បីកម្ចាត់ខ្ញុំចោលឡើយ»។ ជុំវិញបញ្ហានេះអ្នកនាំពាក្យរដ្ឋាភិបាលបានចេញមុខបកស្រាយថា លោក ថាក់ស៊ីន ពុំបានរងការរុកគួន និងធ្វើបាបអ្វីនោះឡើយ ប៉ុន្តែត្រូវបានរំពឹងថាដើរតួនាទីនៅក្នុងផ្នែកមួយនៃដំណើរការផ្សាះផ្សាជាតិ ដែលនឹងបង្កើតឡើងនៅមុនការបោះឆ្នោត ដែលអាចប្រព្រឹត្តទៅនៅឆ្នាំក្រោយ៕
អីយ៉ាស់! លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ផ្ញើសារមួយ វាយបកទៅកាន់ រដ្ឋាភិបាលលោក ប្រាយុទ្ធ!
Reviewed by Mong Kul
on
1:08 AM
Rating:
No comments: