បណ្ណាការកូនក្រមុំថ្លៃៗកប់ក្ដោង ស្ទើរក្លាយជាជំនួញនៅប្រទេសចិន
នារីអាយុ ១៨ឆ្នាំម្នាក់នៅភាគខាងកើតប្រទេសចិន បានក្លាយជាអ្នកមានមួយរំពេច បន្ទាប់ពីទទួលបានបណ្ណាការក្នុងពេលភ្ជាប់ពាក្យ ២,៨៨លានយាន់(ប្រហែល ៤០ម៉ឺនដុល្លារ) កាលពីពេលកន្លងទៅ។ នេះគ្រាន់តែជាករណីមួយ ក្នុងចំណោមករណីជាច្រើនទៀត នៃការរៀបអាពាហ៍ពិពាហ៍ដោយកូនកំលោះត្រូវចំណាយយ៉ាងច្រើនទៅលើបណ្ណាការ រហូតស្ទើរក្លាយជាជំនួញនៅប្រទេសចិន។
ការផ្ដល់បណ្ណាការទៅគ្រួសារខាងកូនស្រី ជាប្រពៃណីទំនៀមទម្លាប់យូរណាស់មកហើយក្នុងប្រទេសចិន ប៉ុន្តែបច្ចុប្បន្នវាបានផ្លាស់ប្ដូរយ៉ាងខ្លាំង ព្រោះតម្លៃកើនឡើងយ៉ាងគំហុក រហូតពេលខ្លះក្លាយជារនាំងសម្រាប់បុរសក្រីក្រ។ ក្នុងទសវត្សឆ្នាំ១៩៧០ គ្រួសារទាំងឡាយនៅក្នុងប្រទេសចិន បានទទួលយកកង់ នាឡិកា ឬម៉ាស៊ីនដេរជាជំនូនមានតម្លៃ ហើយនៅក្នុងទសវត្សឆ្នាំ១៩៨០ ជំនូនបានប្ដូរជាទូទឹកកក ទូរទស្សន៍ពណ៌ និងម៉ាស៊ីនបោកសំលៀកបំពាក់។
យ៉ាងណាក្ដី បច្ចុប្បន្នជំនូនទាំងនោះហាក់គ្មានអ្វីអស្ចារ្យឡើយ ហើយក៏ពិបាកធ្វើឲ្យគ្រួសារខាងកូនស្រីពេញចិត្តណាស់ដែរ ប្រសិនបើខាងកូនប្រុសរស់នៅតំបន់ដាច់ស្រយាល។ អ្វីដែលសំខាន់នោះគឺលុយ ហើយតម្លៃបណ្ណាការនៅខេត្តHebei បានកើនឡើង ២ ទៅ ៥ដង បើប្រៀបធៀបក្នុងឆ្នាំ២០១៣។ គ្រួសារកូនស្រី បានទាមទារលុយសុទ្ធយ៉ាងតិច ១០ម៉ឺនយាន់(១៤៥០០ដុល្លារ) បូករួមទាំងកន្លែងស្នាក់នៅ ព្រមទាំងឡានទៀតផង។
តម្លៃបណ្ណាការជាមធ្យមនៅតាមខេត្តក្រីក្រមួយចំនួនដូចជា Shaanxi, Gansu, Xinjiang និងតំបន់ស្វយ័ត Inner Mongolia អាចថ្លៃរហូតដល់ ២០ម៉ឺនយាន់(២៩០០០ដុលល្លារ)។ ក្រៅពីលុយសុទ្ធ គ្រួសារកូនក្រមុំខ្លះក៏បានទាមទារគ្រឿងមានតម្លៃទាំង៣ (ខ្សែដៃមាស, ចិញ្ចៀនពេជ្រ និងខ្សែកមាស) ព្រមទាំងរថយន្តមួយគ្រឿងផងដែរ។
ដោយសារតម្លៃបណ្ណាការថ្លៃបែបនេះ ធ្វើឲ្យមានបញ្ហាជាច្រើនកើតឡើង ហើយក៏មានការពិភាក្សាគ្នាច្រើនផងដែរ។ កាលពីខែមករាកន្លងទៅ កូនកំលោះនៅខេត្ត Henan បានធ្វើឃាតប្រពន្ធរបស់ខ្លួននៅរាត្រីរៀបការទី១ ដោយសារខឹងអស់ថ្លៃបណ្ណាការប្រហែល ១៦០០០ដុល្លារ ហើយគ្រួសារធ្លាក់ខ្លួនជំពាក់លុយគេយ៉ាងធ្ងន់ក។
យ៉ាងណាក្ដី តំបន់មួយចំនួនដូចជាក្រុង Wuhan និង Chongqing ឪពុកម្ដាយកូនស្រីហាក់មានការផ្លាស់ប្ដូរឥរិយាបថ ដោយផ្ដល់ជំនូនទៅកូនស្រីដូចម្ដាយឪពុកកូនប្រុស ឬផ្ដល់បណ្ណាការដែលបានមកទាំងអស់ទៅឲ្យកូនទាំង២។ ចំណែកនៅប៉េកាំង និងសៀងហៃ គ្រួសារទាំង២ ត្រូវចេញថ្លៃកន្លែងស្នាក់នៅទាំងអស់គ្នា។
ចិន ជាប្រទេសមួយដែលមានអតុល្យភាពខ្លាំងបំផុតរវាងមនុស្សប្រុស និងមនុស្សស្រី ព្រោះតែគោលនយោបាយកូនមួយ ដែលអនុវត្តរាប់សិបឆ្នាំមកហើយ។ គោលនយោបាយនេះ បានធ្វើឲ្យគ្រួសារជ្រើសរើសយកកូនប្រុស ជាងកូនស្រី។ ក្នុងឆ្នាំ២០១៦ ប្រទេសចិនមានចំនួនបុរសលើសនារីដល់ទៅ ៣០លាននាក់ ហើយអតុល្យភាពខ្លាំងបំផុតនៅតំបន់ដាច់ស្រយាល៕
បណ្ណាការកូនក្រមុំថ្លៃៗកប់ក្ដោង ស្ទើរក្លាយជាជំនួញនៅប្រទេសចិន
Reviewed by Mong Kul
on
11:50 PM
Rating: