Top Ad unit 728 × 90

ថ្មីៗ

randomposts

ហ៊ុន សែន ព្រមាន​ប្រើ​កម្លាំង​យោធា​ចំពោះ​បក្ស​នយោបាយ​ដែល​ចង់​កម្ចាត់​រដ្ឋាភិបាល


លោក​នាយករដ្ឋមន្ត្រី​ព្រមាន​​ទៅ​អ្នក​នយោបាយ​ដែល​ចង់​កម្ចាត់​រដ្ឋាភិបាល​ក្រោយ​ការ​ចាញ់​ឆ្នោត តែ​មិន​ប្រគល់​អំណាច។ លោក ហ៊ុន សែន អះអាង​ថា ការ​ចង់​កម្ទេច​​រដ្ឋាភិបាល​នេះ គឺ​មិន​មែន​ជា​រឿង​ដែល​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ឡើយ ព្រោះ​លោក​មាន​យោធា​ពេញ​នៅ​ក្នុង​ដៃ។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា គ្មាន​បក្ស​នយោបាយ​ណា​មួយ​ចង់​បាន​ការ​ផ្លាស់ប្ដូរ​ដោយ​ហិង្សា​ឡើយ ហើយ​ម្យ៉ាង​ទៀត បក្ស​នយោបាយ​ទាំង​នោះ ចង់​បាន​ការ​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​សន្តិវិធី។
សារ​គំរាម​ជា​ថ្មី​ទៀត​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​ធ្វើ​កិច្ចការ​លើ​ការ​បោះឆ្នោត​ចាត់​ទុក​ថា នេះ​អាច​ជា​ទម្លាប់​របស់​លោក ហ៊ុន សែន ទៅ​ហើយ ដែល​ចូលចិត្ត​និយាយ​ដដែលៗ និង​បង្កប់​ន័យ​ហិង្សា ដោយ​សំអាង​តែ​ទៅ​លើ​យោធា ប៉ុន្តែ​សារ​នយោបាយ​នេះ នឹង​មិន​ជះ​ឥទ្ធិពល​ដល់​ការ​សម្ដែង​ឆន្ទៈ​នយោបាយ​របស់​ពលរដ្ឋ​តាម​រយៈ​ការ​បោះឆ្នោត​​ឡើយ។
លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា និចហ្វិក (NICFEC) មើល​ឃើញ​ថា សារ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ លែង​ក្លាយ​ជា​សញ្ញា​នៃ​ការ​បំភ័យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ត​ទៅ​ទៀត​ហើយ។ ក៏​ប៉ុន្តែ​លោក​ថា នេះ​អាច​ជា​ទម្លាប់​ច្រំដែលៗ ដែល​លោក​នាយករដ្ឋមន្ត្រី​តែង​តែ​លើក​ឡើង​ជា​ញឹកញាប់​រាល់​ពេល​លោក​ថ្លែង​សារ​ជា​សាធារណៈ៖ «គ្រាន់​តែ​សារ​ចាស់​ហ្នឹង គ្រាន់​ថា​គាត់​ធ្លាប់​និយាយ​ជា​ច្រើន​ដង​ដែរ​ហើយ​ហ្នឹង។ រឿង​គណបក្ស​ប្រជាជន​ចាញ់​ឆ្នោត​អាច​មាន​សង្គ្រាម​មាន​អី​ហ្នឹង​ណា វា​ដូច​មិន​មាន​អី​ប្លែក​ទៀត​ទេ ខ្ញុំ​មើល​ទៅ!»
ប្រតិកម្ម​ជា​ថ្មី​ទៀត​របស់​លោក ហ៊ុន សែន ដែល​មិន​សំដៅ​ចំ​ឈ្មោះ​នេះ ប៉ុន្តែ​គេ​ដឹង​​ថា ទំនង​ជា​លោក​នាយករដ្ឋមន្ត្រី​ចង់​ដៀមដាម​ឲ្យ​អតីត​មេ​បក្ស​ប្រឆាំង​ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​កាល​ពី​ចុង​​ឆ្នាំ​២០១៦។
លោក សម រង្ស៊ី ដែល​ទើប​តែ​លាលែង​ពី​មុខ​តំណែង​ថ្មីៗ​នេះ ធ្លាប់​ព្រមាន​កម្ចាត់​ក្រុម​ឧទ្ទាម​ដែល​លោក សម រង្ស៊ី ចង់​សំដៅ​ដល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ សារ​របស់​អតីត​ប្រមុខ​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ គឺ​សំដៅ​ដល់​ការ​ចាញ់​ឆ្នោត​របស់​បក្ស​ប្រជាជន​ហើយ តែ​បើ​មិន​ព្រម​ប្រគល់​អំណាច​ទេ បក្ស​របស់​លោក​នឹង​ប្រើ​កម្លាំង​កម្ចាត់​ចោល​តែម្ដង។
បើ​ទោះ​ជា​បែប​ណា លោក ហ៊ុន សែន ពេល​នេះ​បាន​ហៅ​ការ​អំពាវនាវ​របស់​អតីត​មេ​បក្ស​ប្រឆាំង​ថា គួរ​កុំ​មាន​ការ​ស្រមើស្រមៃ​អ្វី​ជ្រុល​ពេក​អី ព្រោះ​កម្លាំង​យោធា​នៅ​ក្នុង​ដៃ​របស់​លោក​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា វា​គួរ​អាម៉ាស់​ដែល​លទ្ធផល​ឆ្នោត​មិន​ទាន់​នឹង​បាន​ចាប់​ផ្ដើម​នៅ​ឡើយ​ផង ស្រាប់​តែ​បក្ស​នយោបាយ​ខ្លះ​ហ៊ាន​ប្រកាស​លទ្ធផល​ឆ្នោត​ខ្យល់​មុន​ទៅ​ហើយ៖ «មាន​អ្នក​ខ្លះ​ហ៊ាន​ទាំង​អះអាង​ថា ដល់​ឆ្នាំ​២០១៨ នឹង​ត្រូវ​បង្ក្រាប បង្ក្រាប​យើង​ទៅ​ទៀត ព្រោះ​យើង​អត់​ទទួល​លទ្ធផល​បោះឆ្នោត។ វា​អាច​ទាយ​ដល់​ឆ្នាំ​២០១៨ វា​ថា អាច​ឈ្នះ​ហើយ បើ​មិន​ប្រគល់​អំណាច​វា​នឹង​បង្ក្រាប។ ហឺ! ទ័ព​នៅ​នឹង​ដៃ​អញ​សោះ! វា​ទៅ​រួច ចាំ​បោះឆ្នោត​ហើយ ចាំ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រកាស រួច​ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​ផ្លូវការ​បាន​ទេ? ម៉េច​បាន​ចាំបាច់​ប្រកាស​ពី​ឥឡូវ? ប្រកាស​លទ្ធផល​ឆ្នោត​ពី​ឥឡូវ​មិន​ទាន់​បាន​បោះ​ផង។ រួច​ឈ្នះៗៗ ដូរៗៗ បាន​តើ​ដូរ​ពី​នៅ​ក្រៅ​គុក​ទៅ​នៅ​ក្នុង​គុក​ទៅ»
ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា មក​ដល់​ពេល​នេះ​ទៅ​ហើយ គ្មាន​បក្ស​នយោបាយ​ណា​មួយ​ចង់​បាន​សង្គ្រាម​ដូច​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នោះ​ឡើយ៖ «តាម​ធម្មតា​កាល​ណា​បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​មាន​ន័យ​ថា យើង​មាន​ការ​គាំទ្រ​ទូលំទូលាយ​ពី​ក្នុង​សង្គម និង​ក្នុង​ប្រទេស។ ដូច្នេះ​ការ​គាំទ្រ​ទូលំទូលាយ​នេះ ហើយ​ជា​គ្រិស្ត​មូលដ្ឋាន​នៃ​ការ​ចាប់​យក​អំណាច​ដោយ​សន្តិវិធី​ដូច​បណ្ដា​ប្រទេស​គេ​ធ្លាប់​ធ្វើ​នៅ​លើ​សកល​លោក»
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​គំរាម​ជា​ញឹកញាប់​ថា បើ​បក្ស​របស់​លោក​ចាញ់​ឆ្នោត​នឹង​មាន​សង្គ្រាម ជា​ពិសេស​លោក​តែង​អះអាង​ពី​កម្លាំង​យោធា​របស់​លោក​ត្រៀម​ទប់ស្កាត់​រួច​ជា​ស្រេច​រាល់​ការ​ប៉ុនប៉ង​ណា​មួយ​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក។
បញ្ហា​នេះ ត្រូវ​បាន​អ្នក​តាម​ដាន​ពី​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា យល់​ឃើញ​ថា នេះ​ជា​សញ្ញា​នៃ​ការ​គំរាម​កំហែង​ដើម្បី​ចង់​បាន​ការ​គ្រប់គ្រង​អំណាច​បាន​យូរ​បន្ត​ទៀត​របស់​លោក ហ៊ុន សែន៕

Source : RFA
ហ៊ុន សែន ព្រមាន​ប្រើ​កម្លាំង​យោធា​ចំពោះ​បក្ស​នយោបាយ​ដែល​ចង់​កម្ចាត់​រដ្ឋាភិបាល Reviewed by Mong Kul on 11:36 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.